ការព្យាបាលដោយប្រើគីមី

CHEMOTHERAPY

ថ្នាំគីមីបំបាត់ ឬហៅកាត់ខ្លីថា គីម៉ូ ចេញពីពាក្យ (Chemotherapy) ជាសារជាតិគីមីច្រើនប្រភេទដែលប្រយុទ្ធប្រឆាំង ឬកំចាត់កោសិកាមហារីកក្នុងគោលដៅដើម្បីព្យាបាល រារាំងការរីកដុះដាលរបស់កោសិកាមហារីក ធ្វើអោយកោសិកាមហារីកមិនអាចបំបែកខ្លួនបាន ហើយទីបញ្ចប់នឹងត្រូវស្លាប់

ការជ្រើសរើសរូបមន្តថ្នាំគីមីបំបាត់ វេជ្ជបណ្ឌិតជំនាញនឹងពិចារណាអំពីកត្តាផ្សេងៗ ដូចជា ប្រភេទមហារីក ដំណាក់កាលរបស់ជម្ងឺ អាយុ និងស្ថានភាពរបស់អ្នកជម្ងឺ ជម្ងឺប្រចាំកាយ ប្រវត្តិការព្យាបាលជម្ងឺមហារីកកន្លងមក អាការៈក្រោយពីទទួលការព្យាបាលដោយថ្នាំគីមីជាច្រើនប្រភេទជាមួយគ្នា ដូច្នេះការព្យាបាលជម្ងឺមហារីកដោយថ្នាំគីមីបំបាត់ វេជ្ជបណ្ឌិតជំនាញតែងតែមានការរៀបចំផែនការការព្យាបាល និងមានគោលដៅផ្សេងៗគ្នាតាមលក្ខណៈជម្ងឺរបស់បុគ្គល ទាំងអស់នេះអាស្រ័យទៅលើអាការៈរបស់អ្នកជម្ងឺ

រយៈពេលក្នុងការដាក់គីមីបំបាត់
ដោយជាទូទៅវេជ្ជបណ្ឌិតដាក់ថ្នាំគីមីតាមរូបមន្ត ក្នុងមួយរូបមន្តមានថ្នាំ ២-៣ប្រភេទឡើងទៅ ហើយម្តងៗប្រើរយៈពេល ៤ ម៉ោងទៅ ៥ ថ្ងៃ ឬច្រើនជាងនេះ ហើយមានការផ្អាកឈប់ដាក់ថ្នាំមួយដំណាក់កាលៗ ខុសៗគ្នាទៅតាមផែនការការព្យាបាល ការព្យាបាលដោយថ្នាំគីមីបំបាត់មិនអាចកំណត់ចំនួនដងច្បាស់ជាក់លាក់ទេ អាស្រ័យទៅលើប្រភេទកោសិកាមហារីក ដំណាក់កាលជម្ងឺ ស្ថានភាពរបស់អ្នកជម្ងឺរហូតទៅដល់ការទទួលយកថ្នាំរបស់រាងកាយក្នុងការព្យាបាល ជាសារហេតុដែលមានភាពចាំបាច់ខ្លាំងណាស់សម្រាប់អ្នកជម្ងឺដែលទទួលការព្យាបាលហើយត្រូវមកតាមណាត់គ្រប់ពេលដើម្បីអោយការព្យាបាលមានប្រសិទ្ធភាព 

  ត្រឡប់ទៅទំព័រមុន។